ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម"ភ្នំគូលែន" ដើម្បីលើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។ នេះជាការលើកឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងសន្និសិតសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារមេគងភ្នំពេញ នូវព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន" ក្រោមប្រធានបទ យើងរួមគ្នាថែរក្សាភពផែនដី ។

  ឯកឧត្តម សៅ សុភាព មានប្រសាសន៍បន្ថែមថា ភ្នំគូលែនគឺជាទីកន្លែងមួយដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប៉ុន្តែក៏មានបញ្ហាប្រឈមផ្សេងៗពីការបំពុលបរិស្ថានផងដែរ ប៉ុន្តែត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះលើភ្នំគូលែន ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ គឺមិនមានឱ្យប្រើប្រាស់នូវសំណល់ប្លាស្ទិក ឬជាសំបកដបទឹកនោះឡើយ ទាំងនេះជាការចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងការបំពុលដោយប្លាស្ទិក ។

  ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមានការដាំកូនឈើចំពោះអ្នកដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែនដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់មួយយ៉ាងសំខាន់លើការគ្រប់គ្រងការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាតនិងល្អប្រសើរវិញនៅថ្ងៃអនាគត ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះក៏ជាការផ្តល់ឱកាសដល់ប្រជាសហគមន៍នៅលើភ្នំគូលែន ចូលរួមក្នុងការផ្តល់សេវាកម្មផ្សេងៗ ជាការផ្គត់ផ្គង់លើផ្នែកចំណីអាហារ ដើម្បីទទួលបានជាប្រាក់ចំណូលសម្រាប់ជីវភាពដល់ពួកគាត់ថែមទៀតផង ក្នុងន័យលើកកម្ពស់សកម្មភាពទេសចរណ៍ធម្មជាតិ និងវប្បធម៌លើភ្នំគូលែន ។    

សូមបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន" ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បត្រូវបានការពារនិងអភិរក្សដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ភ្នំគូលែនមានវិសាលភាព៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន៤ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម ។  មិនតែប៉ុណ្ណោះ ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម ដូច្នេះយើងត្រូវតែការពារ និងអភិរក្សធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា ៕